កីឡាករ​កម្ពុជា​ដែល​បាន​មេដាយ​កីឡា​អាស៊ី​ហ្គេម​មុនគេ​ - Sport

កីឡាករ​កម្ពុជា​ដែល​បាន​មេដាយ​កីឡា​អាស៊ី​ហ្គេម​មុនគេ​

(ថ្ងៃទី 16 កុម្ភៈ 2016 06:05:AM) | រស្មី

ក- ក+ | Print

  • Aaaa

    ​មនុស្ស​ដែលមាន​អាយុ​លើ​៥០​ឆ្នាំ ឬ លើ​៦០​ឆ្នាំ​គេ​ពិតជា​ស្គាល់​លោក​យូ ជិន​ហុង​ដែលជា​អ្នក​ប្រដាល់​សាកល​កម្ពុជា​ដំបូង​គេ ឬ អាច​និយាយថា​ជា​មនុស្ស​ខ្មែរ​ដំបូង​គេ​ដែល​ដណ្ដើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​អាស៊ី​(ASIAN Games) ។​

​    រឿងរ៉ាវ​បាន​កន្លងផុត​ជាង​កន្លះ​សតវត្សរ៍​ហើយ​គឺ​រយៈពេល​៥៤​ឆ្នាំ​ចាប់តាំងពី​លោក​យូ ជិន​ហុង​បាន​ទទួល​មេដាយសំរិទ្ធ​ពី​ការប្រកួត​កីឡា​អាស៊ី​នា​ឆ្នាំ​១៩៦២​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​មក​នោះ ។​

     ​លោក​យូ ជិន​ហុង​នៅ​រស់រានមានជីវិត​ហើយ​លោក​បានរស់នៅ​ប្រទេស​កាណាដា​តែ​លោក​ក៏ដូចជា​ប្រជាជន​កម្ពុជា​ដទៃទៀត​ដែរ​គឺ​លោក​បាន​ឆ្លងកាត់​ចី​វិត​ជូរចត់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​ដូច​ប្រជា​ជន​កម្ពុជា​ទូទាំងប្រទេស​ដែរ ។​

​    ​ពេលនេះ​លោក​យូ ជិន​ហុង​បាន​មកលេង​ស្រុកកំណើត ។ លោក​បាន​ស្វែង​មិត្ត​រួម​អាជីព​ចាស់ៗ​តែ​ពួកគេ​ភាគច្រើន​បាន​ស្លាប់​នៅ​ជំនាន់​ប៉ុល ពត ខ្លះ​ស្លាប់​ដោយ​វ័យ​ចាស់ជរា ដោយ ជម្ងឺ​ជាដើម ។​

​    ​លោក​បាន​និយាយថា​មិត្ត​រួម​ជំនាន់​របស់លោក​គឺ​លោក​នូវ ផេង​ទើបនឹង​ទទួលមរណភាព​ដោយសារ​ រោគាពាធ​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ ។​អ្នក​ប្រដាល់​រួម​ជំនាន់​ជាមួយ​លោក​នៅសល់តែ​លោក​ខុង គឹម​ស៊ីន​ម្នាក់​គត់​ដែល​ពេលនេះ​គាត់​ចាស់​ខ្លាំងណាស់​ទៅហើយ ។​

​    ​លោក​យូ ជិន​ហុង​ដែល​កើត​នៅ​ឆ្នាំ​១៩៤១​នោះ​ពេលនេះ​លោក​មាន​អាយុ ៧៥​ឆ្នាំ​ហើយ​តែ​លោក​ហាក់​ដូចជា​នៅ​រឹងប៉ឹង​ល្អ​ណាស់ ។​

​    ​លោក​បាន​រំលឹក​ពី​ប្រវត្តិ​របស់លោក​ថា​លោក​បានចាប់ផ្ដើម​ហ្វឹកហាត់​ប្រដាល់​តាំងពី​អាយុ​១៥​ឆ្នាំ​មកម្ល៉េះ​ហើយ​អាយុ​១៩​ឆ្មាំ​លោក​ដណ្ដើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​អាស៊ី​(ASIAN Games) ឆ្នាំ​១៩៦៤​លោក​ធ្លាប់បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​តែ​មិនបាន​មេដាយ​ឡើយ ។​

​    ​ឆ្លង​កាត់​សម័យ​ប៉ុល ពត​បានធ្វើ​ឲ្យ​លោក​អស់សង្ឃឹម និង ភ័យខ្លាច​របប​ប្រល័យពូជសាសន៍​នេះ​វិល​ត្រឡប់មកវិញ ។​ឆ្នាំ​១៩៨២​ក្នុងខណៈដែល​នៅតាម​ព្រំដែន​ខាងលិច​កំពុង​តែមាន​សង្គ្រាម ហើយ​ដែល​ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​រដ្ឋាភិបាលចម្រុះ​ត្រីភាគី​បាន​បង្កើតឡើង​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នោះ​លោក​យូ ជិន​ហុង​បានសម្រេច​ចិត្តរ​ត់ទៅរ​ស់​នៅតាម​ជ​ម្រំ​នានា​នា​ព្រំដែន​ខាងលិច ។​

​    ​ជា​ភ័ព្វ​សំណាងល្អ​បន្ទាប់ពី​រស់នៅ​ជ​ម្រំ​ព្រំដែន​មួយរយៈ​ខ្លី​នោះ​លោក​បាន​ចេញទៅ​រស់នៅ​ប្រទេស​ទី ៣ គឺ​ប្រទេស​កាណាដា​រហូតដល់​សព្វ​ថ្ងៃនេះ ។​តាមពិតទៅ​លោក​បាន​បោះបង់ចោល​អាជីព​ប្រដាល់​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​មកម្ល៉េះ ។​

​    ​លោក​យូ ជិន​ហុង​បានបង្ហាញ​នូវ​ចេតនា​ជួយ​បណ្ដុះបណ្ដាល​ដល់​អ្នក​ប្រដាល់​វ័យក្មេង ។ លោក​បាន​បញ្ជាក់ថា​ពេលនេះ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​កំពុងតែ​បង្កើត​សាលា​បណ្ដុះបណ្ដាល​អ្នក​ប្រដាល់​ដែល​ត្រឹម ត្រូវ​តាម​ស្ដង់ដារ​អន្តរជាតិ ។​

​    ​ប្រសិនបើ​សហព័ន្ធ​នៅ​ត្រូវការ​លោក​នោះ​លោក​អាចជួយ​បង្ហាត់ ឬ អាចធ្វើ​ជាទី​ប្រឹក្សា​បាន ។​លោក​ទទួលស្គាល់ថា​លោក​ពិត​ជាមាន​អាតុ​ច្រើន​មែន​តែ​លោក​ក៏​ចង់​បន្សល់​នូវ​ស្នាដៃ​សម្រាប់​អ្នកជំនាន់ក្រោយៗ​ដែរ ។​

​    ​លោក​យូ ជិន​ហុង​ជា​មនុស្ស​ខ្មែរ ទី ១ ដែល​ដណ្ដើមបាន​មេដាយសំរិទ្ធ​ពី​ការប្រកួត​កីឡា​អាស៊ី ។​មក​ដល់ឆ្នាំ​២០១៤​ទើប​មាន​កីឡាការិនី​តេ​ក្វាន់​ដូរ​បស់​កម្ពុជា​មួយរូប​ដែល​ដណ្ដើមបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​អាស៊ី​គឺ​កីឡាការិនី​ស៊ន សៀវ​ម៉ី ។​
​    ​