នាំគ្នា​មើល​ប្រវត្តិ​លោក ហែម ថុ​ន​ - Sport

នាំគ្នា​មើល​ប្រវត្តិ​លោក ហែម ថុ​ន​

(ថ្ងៃទី 14 មករា 2015 06:50:AM) | រស្មី

ក- ក+ | Print

  • 01
  • 02

    ​គេហទំព័រ CEN​សូម​ជូន​នូវ​ប្រវត្តិ​ពិត​របស់លោក​ហែម ថុ​ន​ដែល​ប្រវត្តិ​នេះ​លោក​ហែម ថុ​ន​បាន​សរ​សេរ​នៅក្នុង​គេហទំព័រ​របស់​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា និង ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​តែម្ដង ។​

|     ​លោក ហែម ថុ​ន កើត​នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​១៩៤៣ ក្នុងភូមិ ក្បាលកោះ ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ លោក​ជា​កូន​ទី​បួន​ក្នុង​គ្រួសារ​កសិករ​មួយ​ដែលមាន​ឪពុក​ឈ្មោះ ហែម នៅ ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ក្នុង​កំឡុង​ឆ្នាំ​១៩៧៦​ដែល​កាលនោះ​គាត់​មាន​អាយុ​៨៣​ឆ្នាំ ។ ម្ដាយ​ឈ្មោះ ហ៊ឹម ហយ បានទទួល​មរណភាព​ក្នុង​អាយុ​៦៨​ឆ្នាំ​ក្នុង​របប​ប៉ុលពត​ដូចគ្នា​។

    ​លោក ហែម ថុ​ន មាន​បងប្អូន​បង្កើត​ប្រាំមួយ​នាក់​ស្រី​២​ប្រុស​៤​។ បងប្រុស​ទី​១​ឈ្មោះ នៅ ផន បងស្រី​ទី​២ នៅ ណន បងប្រុស​ឈ្មោះ ហែម ថន ប្អូនប្រុស ហែម សំណាង និង ប្អូនស្រី​ពៅ ហែម ណ​ម​។​​ចំពោះ ការសិក្សា​របស់លោក​គឺ​នៅ |​ឆ្នាំ​១៩៤៩ កុមារា ហែម ថុ​ន បាន​ចូលរៀន​ថ្នាក់​បឋម​នៅ​សាលាបឋមសិក្សា​ក្នុងភូមិ​កោះដាច់ ដែល​ជាទី​កំណើត​។ ក្រោយមក លោក​បាន​ផ្លាស់​ទៅ​រៀន​នៅ​សាលាបឋមសិក្សា តាខ្មៅ ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​នៅ​ឆ្នាំ ១៩៥៣​។

     ក្នុង​ឆ្នាំ​១៩៥៧ ហែម ថុ​ន បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ Q2Tifica ដោយ​ជោគជ័យ​និង​បាន​បន្ត​ចូល​សិក្សា​នៅ​អនុវិទ្យាល័យ​ឯកជន​មួយ​នៅ ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៥៨​។​បួន​ឆ្នាំ​ក្រោយមក ពោល ឆ្នាំ​១៩៦២ បន្ទាប់ពី​សម្រេច​ដោយ​ជោគជ័យ​លើ​ការប្រលង​សញ្ញាប័ត្រ Diploma លោក​ហែម ថុ​ន​បាន​បន្ត​ការសិក្សា​ដល់​ថ្នាក់​ទី​១ ទំនើប​ជាតិ នៅ​សាលា Class dere Moderne​។​

​    បន្ទាប់ពី​នោះមក ដើម្បី​ស្វែងរក​ចំណេះដឹង​បន្ថែម​លោក ហែម ថុ​ន ក៏​បន្ត​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា Institute National de L’ Education Physique et Sport (INEPS)​។ ការសិក្សា​នៅទីនេះ​គាត់​ជា​គរុ​សិស្ស​ផ្នែក​អប់រំ​កាយ​និង​កីឡា​ជំនាន់ ទី​៤​របស់​វិទ្យាស្ថាន​មួយ​នេះ​។ នៅ​ខែកក្កដា​ឆ្នាំ​១៩៦៥​លោក​បាន​ប្រលង​ចេញពី​វិទ្យាស្ថាន INEPS​ដើម្បី​ក្លាយជា​គ្រូ​អប់រំ​កាយ និង​កីឡា​។​

|​    ​|​ចំពោះ​ប្រវត្តិ​ជាមួយ​កីឡាហែលទឹក​វិញ​នោះ​កាលពី​វ័យ​ជំទង់​លោក​មិនមាន​ចំណង់​ចំណូលចិត្ត​ក្នុង​ការចូលរួម​កីឡាហែលទឹក​ឡើយ​គឺ​គាត់ ស្រឡាញ់​និង​និយម​ការលេង​បាល់ទាត់​ជារឿយៗ​។ ក្នុងនោះដែរ ហែម ថុ​ន ធ្លាប់ជា​កីឡាករ​បាល់ទាត់​មួយ​រួប​លេង​ឲ្យ​ក្រុម មជ្ឈមណ្ឌល​កីឡា​ខ្មែរ ដែលជា​ក្រុមបាល់ទាត់​របស់​ព្រះរាជ​វង្ស​នា​អំឡុង​ឆ្នាំ​១៩៥៨-១៩៥៩​។​

    ​ប៉ុន្តែ​ជីវិត​ជា​កីឡាករ​បាល់ទាត់​នេះ​មិនបាន​ស្ថិតស្ថេរ​យូរអង្វែង ឡើយ​។ នៅ​ចុងឆ្នាំ​១៩៥៩ លោក​បាន​ចាក​ចេញពី​ក្រុមបាល់ទាត់​នេះ​មក​ចាប់យក​វិញ្ញាសា​ហែល​ទឹក​រហូតដល់​ឆ្នាំ​១៩៧២​។​

     ចាប់ផ្ដើម​ក្នុង​ជំនាញ​ហែល​ទឹក​ដំបូង​លោក ហែម ថុ​ន បាន​ចូល​ហ្វឹកហាត់ និង ប្រកួត​ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​។​សម្រាប់​ការហ្វឹកហាត់​ក្នុង​ក្រុម​នេះ​គឺធ្វើឡើង​ក្នុង​មជ្ឈមណ្ឌល​កីឡា​ខ្មែរ ដែល​បច្ចុប្បន្ន​ជា​អាគារ​ស្ថានទូត​អាមេរិក​។ នៅ​ឆ្នាំ​១៩៦៦ លោក​បាន​ផ្លាស់​ទៅ​ហែល​ក្នុង​ក្រុម មណ្ឌលកីឡា​ខ្មែរ​វិញ​។ ប៉ុន្តែ​ជីវិត​ជា​កីឡាករ​ហែល​ទឹក​នេះ​មិនអាច​បន្តទៅទៀត​បានយូ​រ​នោះ ទេ​។ ​ឆ្នាំ​១៩៧៣​ដល់​១៩៧៣ លោក​បាន​បោះបង់​កីឡាហែលទឹក​មក​ចូលរួម​ជា​កីឡាករ​លេង​ទូកក្ដោង​វិញ​។​

    ចំពោះមេដាយដែលលោកទទួលបាននោះគឺ​នៅ​ឆ្នាំ​១៩៦៣ កីឡាករ ហែម ថុ​ន បាន​ចេញទៅ​ប្រកួត​កីឡា WORLD GANE FO ដែល​ប្រារព្ធ​នៅ​ប្រទេស ឥណ្ឌូណេស៊ី​។ ប៉ុន្តែ​សម្រាប់​ការប្រកួត​នេះ ហែម ថុ​ន ពុំបាន​ទទួល​មេដាយ​ត្រឡប់មកវិញ​ទេ​។ ចូលដល់​ឆ្នាំ​១៩៦៤ ទទួលបាន​មេដាយ​សំរឹទ្ធ​ចំនួន​បី ពី​ការប្រកួត​ជើងឯក​កីឡាហែលទឹក​ក្នុង​កម្មវិធី NEFOS ដែល​បាន​រៀបចំឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដដែល​។

​    មួយឆ្នាំ​ក្រោយមក​គឺ​ឆ្នាំ​១៩៦៥ លោក​បាន​ចេញទៅ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣​នៅ​ប្រទេស ម៉ាឡេស៊ី​។ ជា​លទ្ធផល​សម្រេចបាន​មេដាយប្រាក់​២​និង​សំរឹទ្ធ​១​។

សមិទ្ធផល​ពី​ជីវិត​ជា​កីឡាហែលទឹក​របស់ ហែម ថុ​ន កើន​ឡើងជា​បន្តបន្ទាប់​។​បន្ទាប់ពី​ចូលរួម​ប្រកួត​ក្នុង​កីឡា​SEA SWIMMING​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ដើមឆ្នាំ​១៩៦៦​មក កីឡាករ​រូបនេះ​សម្រេចបាន​លទ្ធផល​យ៉ាង​គាប់ចិត្ត​សម្រាប់​ប្រទេសជាតិ ពោលគឺ​ទទួលបាន​មេដាយមាស​១​និង​ប្រាក់​២​។ ក្នុង​កម្មវិធី​ប្រកួត​កីឡា GANE FO ASIA​លើក​ទី​១​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៦៦ កីឡាករ ហែម ថុ​ន សម្រេចបាន​មេដាយប្រាក់​១​និង​សំរឹទ្ធ​២ សម្រាប់​ឱកាស​ជា​ម្ចាស់ផ្ទះ​របស់​កម្ពុ​ជាមួយនេះ​។​

    ចំពោះការប្រកួត​ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​កីឡាហែលទឹក​ក្នុង កម្មវិធី អាស៊ី​ហ្គេម (ASIAN GAME) នៅ​ប្រទេស​ថៃ ឆ្នាំ​១៩៧០ ហែម ថុ​ន បានសម្រេច​ជោគជ័យ​យ៉ាង​ប្រសើរ​ដល់​ប្រទេសជាតិ​ដោយ​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​បួន​ក្នុងចំណោម​ប្រទេស​ជាច្រើន​ចូលរួម​។ ឈានដល់​ឆ្នាំ​១៩៧១ ហែម ថុ​ន ដណ្ដើមបាន​មេដាយប្រាក់​មួយ លើ​ការប្រកួត​ក្នុង​កម្មវិធី ស៊ី​ហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី​។ នៅ​ឆ្នាំ​១៩៧៣​ការ​ចេញទៅ​ប្រកួត​ក្នុង​កម្មវិធី​កីឡា ស៊ី​ហ្គេម​នៅ​ប្រទេស សិង្ហ​បុរី ហែម ថុ​ន ទទួលបាន​ចំណាត់ថ្នាក់​លេខ​ប្រាំ​លើ​វិញ្ញាសា​ប្រណាំង​ទូកក្ដោង​។​

​    ឆ្លងកាត់​ការ​ការប្រកួត​កីឡាហែលទឹក​លើ​ឆាក​អន្តរជាតិ​នានា កីឡាករ ហែម ថុ​ន បានសម្រេច​បាន​លទ្ធផល​ជាច្រើន​សម្រាប់​ខ្លួនក៏ដូចជា​ប្រទេសជាតិ​។ ក្នុងនោះ​រួមមាន មេដាយមាស​១ ប្រាក់​៦​និង​និង​សំរឹទ្ធ​ចំនួន ៥ សរុប​ទាំងអស់​មាន​១២​មេដាយ​។

​    ​សម្រាប់​ជីវិត​ឯកជន​របស់លោក​វិញ​នោះ​នៅ​ឆ្នាំ​១៩៦៧​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី អ៊ុន សា​ម៉ុ​ច ដែលជា​អតីត​កីឡាការិនី​អត្តពលកម្ម រត់​ល្បឿន​នា​សម័យមុន​។ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ អ្នក​ទាំងពីរ​បាន​បន្សល់​ទុកជា​ចំណងដៃ បុត្រាបុត្រី ចំនួន​៧ នាក់​។ បច្ចុប្បន្ន​នៅ​រស់រានមានជីវិត​៥​នាក់ តែ ២​នាក់​ទៀត​បាន​បាត់បង់​ជីវិត​ក្នុង​បន​ខ្មៅ​ងងឹត​ប៉ុលពត​។ កូនៗ​ទាំង​៥​នាក់​នោះ​មាន​៖​កូនស្រី​ហែម ម៉ូ​នី​កា កូនប្រុស​ឈ្មោះ​ហែម លំផាត់​ហែម គី​រី កូនស្រី​ហែម រស្មី និង​កូនប្រុស​ពៅ​ហែម ថុ​ន​ពន្លឺ​។​

    ​កូនៗ​របស់លោក​ទាំងអស់​សុ​ទ្ធ​សឹង​ជា​កីឡាករ​ហែល​ទឹក​ជម្រើសជាតិ និង​គ្រូ​អប់រំ​កាយ​និង​កីឡា​គ្រប់ៗ​គ្នា លើកលែងតែ​កូនស្រី​ច្បង​នាង ហែម ម៉ូ​នី​កា ជា​ពិការ​ជន​។ ថ្វីត្បិតតែ ម៉ូ​នី​កា ជា​ពិការ​ជន​ពិតមែនតែ​កូនស្រី​របស់គេ​ម្នាក់​ដែល​ត្រូវជា​ចៅ​លោក ហែម ថុ​ន ឈ្មោះថា ហែម ថុ​ន​វិ​ទិ​នី គឺជា​កីឡាការិនី ហែល​ទឹក​ជម្រើសជាតិ​ដ៏​ល្បី​នាពេល​បច្ចុប្បន្ន​។​

    ​លោក ហែម ថុ​ន បានទទួល​មរណភាព​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១២ ខែមករា ឆ្នាំ​២០១៥ ក្នុង​អាយុ​៧២​ឆ្នាំ បន្ទាប់ពី​លោក​ត្រូវបាន​បញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ ដោយសារ​បញ្ហា​ទឹក​ក្នុង​សួត​។​

​    លោក ហែម ថុ​ន ធ្លាប់​ប្រាប់ថា​លោក​ចង់ឃើញ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ ៨ ឆ្នាំ​ខាងមុខ ព្រោះ​លោក​ធ្លាប់​ចូលរួម​កម្មវិធី 1st Asian GANEFO រួចហើយ​កាលពី​ឆ្នាំ​១៩៦៦​។​

​    លោក ហែម ថុ​ន ជា​ព្រឹទ្ធាចារ្យ​ក្នុង​វិស័យ​កីឡា​ដ៏​សំខាន់​មួយ​ព្រោះ​លោក​ធ្លាប់​ផ្ដល់ គំនិត​យោបល់ ក្នុងការ​អភិវឌ្ឍន៍​និង​កែទម្រង់​វិស័យ​កីឡា​ជាតិ​ជាពិសេស​លោក​គឺជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ក្នុង​វិស័យ​កីឡា​​ហែល​ទឹក​។​

​    មានរឿង ៣ សំខាន់​ដែល​លោក ហែម ថុ​ន កំពុងតែ​ធ្វើ​តែ​មិនទាន់​បានសម្រេច​នោះ​គឺ ទី​១​លោក​បាន​ចំណាយពេល​ចងក្រង​សៀវភៅ​ឯកសារ​កីឡា​ជាតិ​ពី​សង្គមចាស់​។ ចំណែក​ទី​២ លោក​មិន​បានឃើញ​ពី​ការ កសាង​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​មួយ​នៅ​ខេត្តកំពង់ចាម និង ទី​៣ លោក​ដាក់​គម្រោង​ចង់ឱ្យ​កីឡាហែលទឹក​ឈ្នះ​មេដាយ​ថ្នាក់​តំបន់​អាស៊ាន​។​

​    មុនពេល​ស្លាប់​លោក ហែម ថុ​ន ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង ជា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​លោក​ហែម ថុ​ន​បានទទួល​មរណភាព​ហើយ​បន្ទាប់ពី​ជម្ងឺ​របស់លោក​លាប់​ឡើងវិញ​ហើយ គ្រូពេទ្យ​អស់​លទ្ធភាព​ក្នុងការ​សង្គ្រោះ ។​លោក​បានទទួល​មរណភាព​នៅ​ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៨:៤៥​នាទី ។ ថ្ងៃ​សុក្រ​ទី​៨​មករា​ដែលជា​ថ្ងៃ​បិទ​ការប្រកួត​ហែល​ទឹក​ព្រឹត្តិការណ៍ ហែល​ទឹក​សម្រាប់​យុវជន​នោះ​លោក​បាន និយាយប្រាប់​កីឡាករ​-​កីឡាការិនី​ក្មេងៗ​ថា​ត្រូវតែ​ខំប្រឹងប្រែង​ដោយ ខ្លួនឯង​បើ​ចង់​ជិះ​យន្ដហោះ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​នោះ ។​

​    ថ្ងៃនោះ​ប្រហែលជា​មិនសូវមាន​នរណា​ចាប់អារម្មណ៍​ជាមួយនឹង​សំដី​នេះឡើយ​តែ​ពេលនេះ​គេ​ប្រាកដជា​នឹកឃើញ​ឡើងវិញ​ថា​សំដី​នោះ​ហាក់ដូច​ជាការ​ផ្ដាំផ្ញើ​ចុងក្រោយ​តែម្ដង​។​មាន​សំដី​ជាច្រើន​ដែល​លោក​បាន​និយាយ​មុនពេល​ស្លាប់​នោះ​គឺ​លោក​ចង់ឃើញ​អាង ហែល​ទឹក​នៅ​ខេត្តកំពង់ចាម​សាងសង់​រួច​ជា​ស្ថាពរ ពិសេស​លោក​ចង់ឃើញ​អ្នក​ហែល​ទឹក​កម្ពុជា​ដណ្ដើមបាន​មេ​ដា​មួយ​ពី​SEA Games​ទោះជា​មេដាយសំរិទ្ធ​​ក៏ដោយ ។​

    ​ថ្ងៃ​សៅរ៍​ទី​១០​មករា​លោក​ក៏បាន​និយាយ​ពាក្យ​ដដែល​នោះ​ម្ដង​ទៀតថា​លោក​ចង់ឃើញ​អ្នក​ហែល​ទឹក​របស់​កម្ពុជា​បាន​មេដាយ​ណាស់​ព្រោះ​លោក​ចាស់​ហើយ​រស់​ក៏​មិនបាន​យូរអង្វែង​ប៉ុន្មាន​ដែរ​។​២​ថ្ងៃក្រោយ​មក​គឺ​ថ្ងៃទី​១២​មករា​លោក​បាន​លាចាក​លោក​តែម្ដង ។​