កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ រដូវ​កាល​ទី​៦ បាន​ត្រឡប់មក​សាជាថ្មី ជាមួយ​ការប្រកួត ដណ្តើម​ខ្សែក្រវាត់​អន្តរជាតិ នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ - Sport

កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ រដូវ​កាល​ទី​៦ បាន​ត្រឡប់មក​សាជាថ្មី ជាមួយ​ការប្រកួត ដណ្តើម​ខ្សែក្រវាត់​អន្តរជាតិ នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​

(ថ្ងៃទី 10 កក្កដា 2017 11:33:AM) | កូ​ឡាប​

ក- ក+ | Print

  • Leobeer1
  • Leobeer2
  • Leobeer3
  • Leobeer4
  • Leobeer5

នៅ​ថ្ងៃទី ៩ ខែកក្កដា ស្រា​បៀរ​លី​អូ បានប្រកាស​ឧបត្ថម្ភ​កម្មវិធី “​កំពូល​អ្នក​ប្រដាល់ ស្រា​បៀរ​លី​អូ​” រដូវ​កាល​ទី ៦ នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​។ ថ្លែង​ក្នុង​សន្និសីទ កាសែត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោរ លោក ព្រាប សុវណ្ណ ដែលជា អ្នកតំណាង​ស្រា​បៀរ​លី​អូ បាន​មានប្រសាសន៍ថា​កម្មវិធី “​កំពូល​អ្នក​ប្រដាល់ ស្រា​បៀរ​លី​អូ​” រដូវ​កាល​ទី ៦ នេះ​មិនមែន​ជាការ​ប្រដាល់​លក្ខណៈ​ថ្នាក់ជាតិ​ដូច​រដូវ​កាល​មុនៗ​ទេ តែ​ជាការ​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​អន្តរជាតិ​។​

​លោក ព្រាប សុវណ្ណ បាន​ណែនាំ​កំពូល​អ្នក​ប្រដាល់​កម្ពុជា ឡាវ និង​ថៃ ចំនួន ៨ រូប​គឺ ៖ កីឡាករ​ឡាវ ណាំ​ផុន​ភេត​ចិ​ត្តា និង​ហ្វា​សាំង​ស៊ិត​អត្ថ​ភី​, កីឡាករ​ថៃ វៃ ហ៉ៃ្វ ឡូ​ក​ម៉េង​ផេ​ត និង ខាវ ផុង​ឆៃ​ភូមិ ចំណែក​កីឡាករ​កម្ពុជា សេក គឹម​រួន ក្លឹប​អន្តរ​មានជ័យ​ខេត្តសៀមរាប , ឆៃ សា​រ៉ា ក្លឹប​ក្រសួងការពារជាតិ , មុត ខ្លឹម​ខ្មៅ ក្លឹប​អាណាចក្រ​គុន​ខ្មែរ និង កីឡាករ​ចាន់ រតនា ក្លឹប​ខេមរៈ​ខ្លាហោះ នឹង​ឡើងមក​អង្រួន​សង្វៀន​ក្នុង​រដូវ​កាល​ថ្មី​នេះ​។​​ការឧបត្ថម្ភ​នេះ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ស្រា​បៀរ​លី​អូ ក្នុងការ​គាំទ្រ​កីឡា ប្រដាល់​កម្ពុជា និង​កីឡាករ​កម្ពុជា​។​

​លោក ព្រាប សុវណ្ណ បាន​ឲ្យ​ដឹងថា “​យើង​ជឿជាក់ ថា កីឡាករ​កម្ពុជា​ទាំងអស់​សុទ្ធតែ​ខ្លាំង មានការ​តស៊ូ និង​ពូកែ​ទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដើម្បី ចូលរួម​ទស្សនាការ​ប្រកួត​របស់​កំពូល​កីឡាករ​កម្ពុជា និង​កីឡាករ​អន្តរជាតិ​ល្បីៗ និង ខ្លាំងៗ​ជាច្រើនរូប​។ ហើយ​ស្រា​បៀរ​លី​អូ នឹង​នៅទីនេះ​ដើម្បី​លើកទឹកចិត្ត និង​អបអរ រាល់​ជ័យជំនះ​របស់​កីឡាករ​កម្ពុជា​ទាំងអស់​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ប្រសាសន៍ ស្នើសុំ​ឲ្យ មន្ត្រី​បច្ចេកទេស​ទាំងអស់ ត្រូវខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច ទៅតាម​ច្បាប់ទម្លាប់ ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ការទទួលខុសត្រូវ ក្នុងការ​ផ្តល់​ពិន្ទុ កាត់សេចក្តី ដោយ​ត្រូវ​ចៀស​ឲ្យ​ផុត ពី​ភាពមិនប្រក្រតី ភាព​ឃ្លីងឃ្លោង បក្ខពួកនិយម និង​ភាពមិនប្រក្រតី ផ្សេងៗ​ទៀត ដែល​មិនអាច​ទទួលយកបាន ពី​ប្រជាពលរដ្ឋ ពិសេស​អ្នក​ស្នេហា​គាំទ្រ ទស្សនា​កីឡាប្រដាល់​នេះ​។ លោក​ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​បច្ចេកទេស ដូចជា គណៈកម្មការ​វិនិច្ឆ័យ អាជ្ញាធរកណ្តាល ចៅក្រម រួមគ្នា​ដោះស្រាយ​ការងារ ឲ្យ​បានល្អ និង​ទទួលខុសត្រូវ ចំពោះ​ការងារ​របស់ខ្លួន និង​ម្យ៉ាងទៀត កីឡាករ​ខ្លួនឯង ត្រូវតែ​រក្សា​ឲ្យ​បាន នូវ​វិន័យ និង​សេចក្តីថ្លៃថ្នូរ ជា​កូន​ខ្មែរ ក្នុងការ​ប្រកួត ដោយ​សមត្ថភាព​ពិតៗ ដើម្បី​ជាតិ​មាតុភូមិ​។​

​លោក នាង ស៊ី​វុត្ថា នាយក​គ្រប់គ្រង​កីឡាប្រដាល់ របស់​អគ្គនាយក​វិទ្យុ និង​ទូរ​ស្សន៍​បាន​យ័ន បាន​ថ្លែង​អញ្ជើញ​អស់លោក លោកស្រី អ្នកនាង​កញ្ញា ទាំងអស់​ចូលរួម ទស្សនា​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដ៏​អស្ចារ្យ​របស់ “​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​” ចាប់ពី​ថ្ងៃទី​៩ ខែកក្កដា​ឆ្នាំ​២០១៧ នេះ​តទៅ​។ ការប្រកួត​មាន​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង ៤ រសៀល ដល់ ម៉ោង ៦ ល្ងាច នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន បឹង​ស្នោ ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់ នៅលើ​កញ្ចក់​ទូរ​ស្សន៍​បាយ័ន និង​មាន​ឡាយ​ផ្ទាល់​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ទូរទស្សន៍​បាយ័ន​ផងដែរ​។​

​លោក​បាន​បន្តថា ការប្រកួត​លក្ខណៈ​អន្តរជាតិ​នេះ ដោយ​ចង់​ឲ្យ​មាន ការផ្លាស់ប្តូរ​នូវ លក្ខណៈ​បច្ចេកទេស គឺ​ចង់​ឲ្យ​កីឡាករ រលក​ក្រោយ​កម្ពុជា ស្គាល់​រសជាតិ ក្បាច់​ប្រដាល់​ថៃ ឡាវ ខណៈដែល​កម្ពុជា​កំពុង​ត្រៀម​ដាក់ កីឡាប្រដាល់​គុន​ខ្មែរ​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។​លោក​បន្តថា កីឡា​ទាំងអស់​ត្រូវតែ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព មិនមែន​ប្រកួត​លំៗ​យកតែ​លុយ​គេ​នោះទេ ពីព្រោះថា ម្ចាស់​ឧបត្ថម្ភ បាន​ចំណាយលុយ​ថ្លៃ​ខ្លួន លើ​កីឡាករ​មួយ​ចប់​កម្មវិធី​ប្រដាល់​នេះ ប្រមាណ​ជិត​១​សែន​ដុល្លារ ដូច្នេះ​ស្នើ​កីឡាករ​ទាំងអស់ ត្រូវ​បញ្ចេញ​ក្បាច់គុន ដើម្បី​លើកកម្ពស់​មុខមាត់​ប្រទេសជាតិ​។ លោក ក៏បាន​ព្រមាន​ថា កីឡាករ​រូប​ណា ដែល​ប្រកួត​ដើម្បី​តែ​លុយ​នោះ យើងខ្ញុំ​នឹង​ដេញ​ចេញពី​ការប្រកួត ហើយ​លុយ​ថ្លៃ​តម្លៃ​ខ្លួន​ក៏​មិន​ឲ្យ​ដែរ ហើយនឹង​លែងមាន​មុខ ជាន់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​បឹង​ស្នោ​ទៀតហើយ ។ លោក​បន្តថា ប្រាក់​តម្លៃ​ខ្លួន​ក្នុងការ​ប្រកួត ក្នុង​ជុំ​ទី​១ និង​ជុំ​ទី​២ កីឡាករ​កម្ពុជា ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​៣៥០​ដុល្លារ ហើយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ខ្សែក្រវ៉ាត់​១ ពាន​១ និង​ថវិកា​ចំនួន​៦.០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ពាន​១ និង​ថវិកា ៣.០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ពាន​១ និង​ថវិកា ៦០០​ដុល្លារ និង​លេខ​៤ ទទួលបាន​ថវិកា​៤០០​ដុល្លារ​៕N​/S