ហេតុអ្វី​ក៏​ស៊ន សៀវ​ម៉ី​ទទួលបាន​ការស្វាគមន៍​កម្រិត​ខ្ពស់​បែបនេះ ? - Sport

ហេតុអ្វី​ក៏​ស៊ន សៀវ​ម៉ី​ទទួលបាន​ការស្វាគមន៍​កម្រិត​ខ្ពស់​បែបនេះ ?

(ថ្ងៃទី 6 តុលា 2014 06:55:AM) | រស្មិ

ក- ក+ | Print

  • You-chhin-hong
  • Mey-0
  • Mey-2
  • Mey-3

​ភ្នំពេញ​:​ពេលវេលា​បាន​កន្លងទៅ​៤៤ឆ្នាំ​ទើប​កីឡា​នៅ​កម្ពុជា​ចាប់ផ្ដើម​មានមុខ​មាន​មាត់​ឡើងវិញ​នៅក្នុង​ការប្រកួត​កីឡា​អាស៊ី​(ASIAN Games) ។​

​    ​កីឡា​អាស៊ី​បាន​បង្កើតឡើង​ក្រោម​ការផ្ដួចផ្ដើម​របស់លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ហ្សា​វ៉ា​ហា​ឡា​ល​នេ​រុ ។ ហើយ​ការប្រកួត​លើក​ទី​១​ធ្វើ​នៅ​ឆ្នាំ​១៩៥១​នាទី​ក្រុង​ញូ​ដែ​ល្ហី​ប្រទេស​ឥណ្ឌា​ពីថ្ងៃ​ទី​៤​ដល់​១១​មិនា​ដែល​កម្ពុជា​មិនបាន​ចូលរួម​​ឡើយ ។ ការប្រកួត លើក​ទី ១​នេះ​៦​ប្រភេទ​កីឡា​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ដែលមាន​អត្ត​ព​លិ​ក​ចំនួន​៤៨៩​នាក់ ។​

​    ​ឆ្នាំ​១៩៥៤​ដែលជា​ការប្រកួត​លើក​ទី ២​មា​នៅ​ប្រទេស​ហ្វីលីពីន​កម្ពុជា​បាន​ចូលរួម​តែ​មិនបាន​មេដាយ​ឡើយ ។​ការប្រកួត​លើក​ទី​៣​នា​ឆ្នាំ​១៩៥៨​ដែល​ធ្វើ​នៅ​ប្រទេស​ច​ប៉ុន​នោះ​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៣​ប្រភេទ​ទៅ​ចូលរួម​ប្រ​កួត​គឺ​អត្តពលកម្ម ប្រដាល់ និង បាល់បោះ​តែ​មិនបាន​មេដាយ​ទេ ។​

​    ​ការប្រកួត​លើក​ទី ៤​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ឆ្នាំ​១៩៦២​កម្ពុជា​ដណ្ដើមបាន​មេដាយសំរិទ្ធ​ជា​លើកដំបូង​គឺ​កីឡា​ប្រដាល់​សាកល​ទម្ងន់​៥៨​គីឡូក្រាម​លោក​យូ ជិន​ហុង ។ លើក​ទី ៥​នា​ឆ្នាំ​១៩៦៦​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កម្ពុជា​មិនបាន​ចូលរួម​ឡើយ​ព្រោះ​កម្ពុជា​ពេលនោះ​រវល់​រៀបចំ​ការប្រកួត​កីឡា GANEFO ។​

​    ​ការប្រកួត​លើក​ទី ៦​ដែល​ធ្វើ​នៅ​ទីក្រុង​បាងកក​ដដែល​នោះ​គឺ​ឆ្នាំ​១៩៧០​កម្ពុជា​ដណ្ដើមបាន​មេដាយប្រាក់ ២គ្រឿង​ដោយ​កីលាករ​ប្រដាល់​សាកល​ខៀវ សឿន និង ឡុង សាវឿន ។ មេដាយសំរិទ្ធ ២ គ្រឿង​គឺ​កីឡាករ​ហែល​ទឹក​ផាត់ សំអុន និង ក្រុម​បាល់ទះ​ស្ត្រី ។​

​    ​ពី​ឆ្នាំ​១៩៧០​មកដល់​ឆ្នាំ​២០១៤​គឺ​រយៈពេល​ជាង​៤៤​ឆ្នាំ​ហើយ​ដែល​កម្ពុជា​មិនដែល​ដណ្ដើមបាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​អាស៊ី ។​ឆ្នាំ​២០១៤​គឺជា​ប្រវត្តិសាស្ត្រ​ដំបូង​ដែល​កីឡាការិនី​ស៊ន សៀវ​ម៉ី​ដណ្ដើមបាន​មេដាយមាស​ដែល​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ពុំ​ធ្លាប់មាន​នោះទេ ។​

​    ​ឆ្នាំ​១៩៧៤​ជា​ឆ្នាំ​ចុងក្រោយ​មុនពេល​កម្ពុជា​ធ្លាក់​ទៅក្នុង​របប​ប៉ុល ពត​ហើយ​កម្ពុជា​បាន​ចូលរួម​ដោយ​គ្មាន​បាន​មេ​ដា​ដាយ​នោះទេ ។​បន្ទាប់ពី​អាក់ខាន​នា​ឆ្នាំ​១៩៧៤​ទាល់តែ​ឆ្នាំ​១៩៩៤​ទើប​កម្ពុជា​បាន​វិល​ទៅ​ចូលរួម​ប្រកួត​ក្នុង​គ្រួសារ​កីឡា​អាស៊ី​វិញ ។​ឆ្នាំ​២០១៤​នេះ​គឺជា​ខូ​ប​ទី​៦០​ឆ្នាំ​ដែល​កម្ពុជា​បាន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​អាស៊ី ។​

​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈ​ក​ម្មា​ថិ​ការ​ជាតិ​អូឡាំពិក​បានបញ្ជាក់​ថា SEA Games (​ការប្រកួត​ថ្នាក់​តំបន់​ដែលមាន​១១​ប្រទេស​)​វា​មាន​ច​រឹក​ជា​គ្រួសារ​បន្តិច​គឺ​គ្រួសារ​កីឡា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ តែ​ការប្រកួត​កម្រិត​អាស៊ី​(ASIAN Games)​រៀប ចំ​ដោយ​ក្រុមប្រឹក្សា​កីឡា​អាស៊ី ។​

​    ​ប្រទេស​ជា​សមាជិក​ទាំងអស់​ត្រូវ​ចូលរួម​ប្រជែង​គ្នា​ដណ្ដើម​មេដាយ​ដោយ​យុត្តិធម៌​ក្នុង​ថា​នៈ​ជា​សមាជិក​នៃ​អង្គការ​កីឡា​របស់​ទ្វីប​នេះ ។​មានតែ​ប្រភេទ​កីឡា​អូឡាំពិក​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ចំពោះ​ប្រភេទ​កីឡា​ប្រពៃ​ណី ។​

​    ​សៀវ ម៉ី​មិនមែន​កើត​ក្នុង​ត្រកូល​ជា​អ្នកកីឡា​នោះទេ ។​ជា​កូនពៅ​នៃ​គ្រួសារ​មួយ​ដែលមាន​ជីវ​ភាពមិន​ធូរធារ​ដែលមាន​បងប្អូន​បង្កើត​ចំនួន​៦​នាក់​នោះ​បងប្រុស​ទី ៣​របស់​នាង​គឺ​លោក​ស៊ន អេ​លី​ត​បាន​បង្ខំចិត្ត​លេង​កីឡា​ដែល​កាល​នោះ​អេ​លី​ត​បាន​ហ្វឹកហាត់​ប្រដាល់​សាកល ។​

​    ​ការហាត់​ប្រដាល់​សាកល​នេះ​គឺ​ដើម្បី​បាន​ឡើង​វ៉ៃ​ប្ដូរ​បាយ និង បាន​កម្រៃ​ខ្លះ​ជួយ​ដល់​គ្រួសារ ។​បន្ទាប់មក​អេ​លី​ត​ដែលមាន​កាយសម្បទា​ល្អ​នោះ​ត្រូវបាន​លោក Choi Yong Sok ដែលជា​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ជម្រើសជាតិ​របស់​កម្ពុជា​ណែនាំ​ឲ្យ​ហាត់​តេ​ក្វាន់​ដូ ។ អេ​លី​ត​ជាម​នុស្ស​ដែល​ចូលចិត្ត​ហាត់​គ្រប់​កីឡា​ប្រយុទ្ធ​ទាំងអស់ ។​អេ​លី​ត​បាន​បង្ខំ​ចិត្ត​ណែនាំ​ប្អូនស្រី​របស់ខ្លួន​គឺ​ស៊ន ដា​វីន​ដែលជា​ម្ចាស់​មេដាយប្រាក់ SEA Games ទី​២៧​ឲ្យ​ចូល​ហាត់​តេ​ក្វាន់​ដូ ។​នៅ​ចុងឆ្នាំ​២០១០​ស៊ន សៀវ​ម៉ី​ដែលជា​ប្អូនស្រី​ពៅ​បាន​ចូល​ហាត់​តេ​ក្វាន់​ដូ​ដែរ ។​

​    ​អាចនិយាយបាន​ថា​សៀវ​ម៉ី​មាន​ទេពកោសល្យ​ជាមួយ​កីឡា​តេ​ក្វាន់​ដូ​នោះ​ព្រោះ​នៅ​ឆ្នាំ​២០១១​នាង​បាន​ចេញទៅ​ចូលរួម​ប្រកួត​ជា​លើកដំបូង​នៅ SEA Games ទី​២៦​នៅ​ឥណ្ឌូនេស៊ី​ដោយ​ដណ្ដើមបាន​មេដាយសំរិទ្ធ ហើយ​ឆ្នាំ​២០១៣បាន​មេដាយមាស​របស់ SEA Games ហើយ​ឆ្នាំ​២០១៤​នេះ​សៀវ​ម៉ី​ដណ្ដើមបាន​មេដាយមាស​អាស៊ី​បន្ថែមទៀត ។​

​    ​ស៊ន អេ​លី​ត​ដែលជា​បងប្រុស​ទី ៣​ក្នុ​ត​គ្រួសារ​ត្រកូល ស៊ន បាន​និយាយថា​ពេលនេះ​ត្រកូល ស៊ន របស់លោក​ត្រូវបាន​ប្អូនស្រី​ពៅ​លើកស្ទួយ​ហើយ ។​លោក​បាន​ចាត់ទុកថា​វា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង គ្រួសារ​របស់​ លោក ។​

​    ​អេ​លី​ត​និយាយថា​លោក ប្អូនស្រី​របស់លោក​ជឿ​លើ​ការព្យាយាម និង ការប្រឹងប្រែង​ណាស់ ។​មេដាយមាស​នេះ​បានមកពី​ការប្រឹងប្រែង និង ព្យាយាម​ហ្វឹកហាត់​មិនមែន​ធ្លាក់​ពីលើ​មេឃ​មក​ទេ ។​

​    ​កីឡាការិនី​ស៊ន សៀវ​ម៉ី​ត្រូវបាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ប្រសិទ្ធិ​នាម​ថា​ជា​វីរៈនារី​របស់​ កម្ពុជា ។​ជាមួយនឹង​ការប្រកាស​បែបនេះ​រង្វាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​២០.០០០​ដុល្លារ និង រង្វាន់​ផ្ទាល់​របស់​សម្ដេច​ចំនួន​១០.០០០​ដុល្លារ​ត្រូវបាន​ប្រគល់​ដល់​កីឡាការិនី​រូបនេះ​ជាការ​លើកទឹកចិត្ត​ភ្លាមៗ​ដែរ ។ មិនតែប៉ុណ្ណោះ​កីឡាការិនី​រូបនេះ​បាន​ទ​ទួ​គ្រឿង​ឥស្សរ​យ​យស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ទៀតផង ។​

​    ​សៀវ​ម៉ី​ត្រូវបាន​ស្វាគមន៍​ពី​សំណាក់​ប្រជាជន​ខ្មែរ កីឡាករ​-​ការិនី​មន្ត្រី​រដ្ឋ​ភិ​បាល​រហូតដល់​នាយករដ្ឋមន្ត្រី​និង​បានទទួល​ការលើកទឹកចិត្ត​ដោយ​ក្បួន​ដង្ហែរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មក​វិមាន​សន្តិភាព​ក្រោម​សម្លេង​អប​អរ​និង​មាន​ក្បួន​ម៉ូតូ ស ចំនួន​៦​គ្រឿង​អម​រថយន្ត​របស់​សៀវ​ម៉ី​ទៀតផង ។​